ប៉ូលីសក្រុងបាងកក ៖ ជនសង្ស័យបា.ញ់សម្លា.ប់មនុស្សនៅផ្សារទំនើប Siam Paragon ជាអ្នកជំងឺផ្លូវចិត្ត

 


ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​អាយុ ១៤ឆ្នាំ​ម្នាក់​ កាល​ពីល្ងាច​ថ្ងៃ​អង្គារ បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​មនុស្សនៅ​ក្នុងផ្សារ​ទំនើប Siam Paragon ក្នុង​ទីក្រុង​បាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។


យោងតាមអគ្គស្នងការនគរបាលជាតិ លោក Torsak Sukvimol បានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ អ្នកទាំង២ គឺជាស្ត្រីមកពីប្រទេសចិន និងមីយ៉ាន់ម៉ា ខណៈមនុស្ស​៥​នាក់ទៀត​បាន​រង​របួស។

បើតាមសេវាសង្រ្គោះបន្ទាន់របស់ប្រទេសថៃ បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានផ្លាស់ប្ដូរពី ៣នាក់ មកត្រឹម២នាក់វិញ។

នៅព្រឹកថ្ងៃពុធនេះ សារព័ត៌មានក្នុងស្រុក The Nation បានចេញផ្សាយពីចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងថា «រូបគេគិតថា មានអ្នកចង់លបវាយប្រហារខ្លួន ដូច្នេះរូបគេបានដកកាំភ្លើងខ្លីបាញ់ដើម្បីការពារខ្លួន»។


លោក Torsak បន្ថែមថា «ខ្មាន់កាំភ្លើងរូបនេះ កំពុងជាប់ឃុំនៅប៉ុស្ដិ៍ប៉ូលិសក្រុង Pathumwan ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកោះហៅឪពុកម្ដាយមកសួរនាំ ដោយសារតែមុនដំបូង ជនសង្ស័យមានភាពច្របូកច្របលកំឡុងពេលសួរចម្លើយ»។ លោក បានបន្ដថា «យុវជនរូបនេះ គឺជាអ្នកជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យ Rajavithi ហើយថ្មីៗនេះ គេមិនដែលបានលេបថ្នាំនោះទេ លើសពីនេះ យុវជនរូបនេះជាមនុស្សញៀនលេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូរទ័រ»។ ​


ខ្មាន់កាំភ្លើងវ័យក្មេងរូបនេះ មិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ បើតាមកាមេរ៉ាសុវត្ថិភាពក្នុងហាងមួយកន្លែងក្នុងផ្សារទំនើបបានបង្ហាញថា រូបគេដាក់កាំភ្លើងចុះ ហើយបានប្រគល់ខ្លួនឱ្យប៉ូលីស ដោយដកហូតបានកាំភ្លើងខ្លីម៉ាក Glock ស្វ័យប្រវត្តិ ៩មិល្លីម៉ែត្រ។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានថា «អ្នកបាញ់ប្រហារត្រូវបានចាប់ខ្លួន។ លោក បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ ព្រម​ទាំង​បញ្ជូនអ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យផងដែរ»។


ទន្ទឹមនោះ លោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​បាន​និយាយថា លោក​កំពុង​តាមដាន​ស្ថានការណ៍នេះ​យ៉ាង​ដិតដល់។ លោកបានសរសេរនៅលើ X ថា «អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុតនាពេលនេះ គឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់។ ខ្ញុំស្នើឱ្យក្រុមការងារទាំងអស់តាមដានស្ថានការណ៍នេះ ហើយសូមឱ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលថៃ នឹងអនុវត្តវិធានការសុវត្ថិភាពខ្ពស់បំផុត ដើម្បីសុវត្ថិភាពភ្ញៀវទេសចរទាំងអស់»។ 

បើតាមការអះអាងរបស់សាលាឯកជនមួយឈ្មោះថា The Essence មានចម្ងាយតែប៉ុន្មានម៉ែត្រពីផ្សារទំនើប Siam Paragon បានបញ្ជាក់ថា ជនសង្ស័យគឺជា សិស្សម្នាក់ក្នុងចំណោមសិស្សដែលកំពុងសិក្សានៅសាលារបស់ខ្លួន ជាមួយគ្នាសាលាក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែរ»។


សូមជម្រាបថា ការបាញ់ប្រហារខាងលើនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងដល់ខួប ១ឆ្នាំនៃការវាយប្រហារយ៉ាងបង្ហូរឈាមមួយ នៅក្នុងប្រវត្តិសាស្ត្រ របស់ថៃ នៅពេលដែលអតីតមន្ត្រីប៉ូលិសម្នាក់ប្រដាប់ដោយកាំបិត និងកាំភ្លើង សម្រុកចូលវាយប្រហារលើកន្លែងមើលថែក្មេងមួយកន្លែង ដោយសម្លាប់មនុស្សពេញ វ័យ១២នាក់ និងកុមារ ២៤នាក់។ ហើយកាលពីឆ្នាំ២០២០ អតីតមន្ត្រីប៉ូលិសថៃម្នាក់ ក៏បានបើកការបាញ់ប្រហារក្នុងផ្សារទំនើបមួយក្នុងខេត្ត Korat ផងដែរ ដោយសម្លាប់មនុស្ស ២៩នាក់ និងជាច្រើននាក់រងរបួស៕

ប្រភព៖ CNA 



Post a Comment

0 Comments