រដ្ឋមន្ត្រីមហាផ្ទៃជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបន្តចុះត្រួតពិនិត្យ នៅ កន្លែងឃុំឃាំងនានាដើម្បីពង្រឹងការបង្ការទប់ស្កាត់ការធ្វើទារុណកម្ម

 


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជំរុញ លើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តចុះត្រួតពិនិត្យ ដើម្បីតាមដាន ឱ្យបាន ទៀងទាត់នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែល ត្រូវបាន ដកហូត សេរីភាព ដែលនេះក៏ជាមធ្យោបាយមួយ ដើម្បីពង្រឹងកិច្ចការពារ បង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។ ក្នុងនោះ គណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់ អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល ក្នុងការអង្កេត ស្រាវជ្រាវករណី សង្ស័យ ថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងពិធីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បាន ថ្លែងកើតសរសើរតាមការកត់ សម្គាល់ផ្ទាល់ ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗចំនួន ២រួមមាន «ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ» និង «ការងារនីតិកម្មនិងជំនួយ ផ្នែកច្បាប់»។

ទន្ទឹមនឹង ការកត់សម្គាល់ជាវិជ្ជមាននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញ លើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វ ផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរ មានសមត្ថកិច្ច  ដែល កំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែង ឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេត ស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺ ព្រំដែន កំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិ អំណាច របស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។

 ដើម្បីជោគជ័យលើភារកិច្ច ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ថ្លែងលើកទឹកចិត្តលើសកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមាន ការចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាព ពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទូចដល់អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមឱ្យ បាន សកម្មពេញទំហឹងបន្ថែមទៀត៕







Post a Comment

0 Comments