ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ ក៏ប៉ុន្តែជារួម ការគ្រប់គ្រង ការស្ដារនីតិសម្បទា ការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម បានព្រឹត្តិទៅយ៉ាងល្អ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការសហការរៀបចំទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាការផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ និងអន្តរជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិត ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការអនុវត្តវិធានការសន្តិសុខ ក៏ដូចជាលើកស្ទួយសិទ្ធិជនជាប់ឃុំ តាមច្បាប់កំណត់ ជាអាទិ៍សិទ្ធិទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិទ្ធិសុខភាព ជំនឿសាសនា និងការផ្គត់ផ្គង់របបអាហារជាដើម។
ប្រសិនបើធ្វើបានយ៉ាងហោចណាស់១ដង ក្នុងមួយឆ្នាំ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ផ្ដល់អនុសាសន៍ឱ្យរៀបចំទស្សនកិច្ចដូចគ្នានេះជាមួយគ្រឹះស្ថានរដ្ឋ និងឯកជនផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា«យើងអាចរៀបចំក្នុងទម្រង់សមល្មមមួយ ដើម្បីដាស់សតិអារម្មណ៍ឱ្យសិស្ស-និស្សិត បានឃើញ និងដឹងកាន់តែច្បាស់ថា តើអ្វីទៅជាពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដឹងពីផលនៃការប្រព្រឹត្តិអំពើខុសច្បាប់ ហើយចូលរួមផ្សព្វផ្សាយទៅកាន់មិត្តភក្ដិ និងសហគមន៍»។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអញ្ជើញត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមានអគារឃុំខ្លួន អគារបណ្ដុះបណ្ដាលអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ រោងចំអិនម្ហូបអារហារ អគារពិនិត្យនិងព្យាបាលសុខភាព កន្លែងធ្វើលំហាត់ប្រាណ កន្លែងប្រតិបត្តិសាសនាព្រះពុទ្ធ ឥស្លាម និងគ្រិស្តសាសនា។ ឯកឧត្តមអភិសន្តិបណ្ឌិត រួមទាំងប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក៏បានចូលរួមបរិច្ចាគឈាមផងដែរ៕
អត្ថបទ ៖ រ៉េន រតនៈ
0 Comments